សម្តេចតេជោ៖ កម្ពុជា ចង់ឱ្យស្ថានការណ៍វិលត្រឡប់ទៅរកសភាពដើមវិញ ខណៈមេបញ្ជាការកម្ពុជា-ថៃ បើកការចរចាបញ្ហាព្រំដែននាល្ងាចនេះ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា កម្ពុជា ចង់ឱ្យស្ថានការណ៍វិលត្រឡប់ទៅរកសភាពដើមវិញ ខណៈមេបញ្ជាការកម្ពុជា-ថៃ នឹងបើកការចរចាពីបញ្ហាព្រំដែនព្រះវិហារនាល្ងាចនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ ពាក់ពន្ធ័នឹងហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ សម្តេចតេជោហ៊ុន បានថ្លែងថា  អ្វីដែលគួរអោយបារម្ភគឺ ព័ត៌មានក្លែងក្លាយដែលនាំឱ្យមានការ ស្អប់ជាតិសាសន៍។សម្តេចតេជោ បន្តថា កងកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ កម្ពុជាគ្រាន់តែបង្ការការពារហេតុការណ៍អាក្រក់ណាមួយ ដែលភាគីម្ខាងទៀតបំពានលើកម្ពុជាប៉ុណ្ណោះ។

ដោយសម្តេចតេជោ ហ៊ុន សែន បន្តថា៖«តាមការសន្និដ្ឋានរបស់ខ្ញុំ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីថ្ងៃម្សិលមិញ មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃនោះទេ វាអាចកើតចេញពីអង្គភាព ឬបុគ្គល»។

ជាមួយគ្នានេះ សម្តេចតេជោ បានឱ្យដឹងថា ការជួបជជែកគ្នារវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ នៅល្ងាចនេះ គឺចង់បានតែសភាពការណ៍វិលត្រលប់មកដូចសភាពធម្មតាឡើងវិញ និងសូមកុំឱ្យសភាពការណ៍នេះ ធ្វើឱ្យប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គម។

ជាថ្មីម្តងទៀត សម្ដេចតជោ ហ៊ុន សែន ក៏បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំនាំគ្នារុញច្រានសភាពការណ៍បន្ថែម ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងស្វែងរកដំណោះស្រាយទាញរកកិច្ចសហប្រតិបត្តិការឡើងវិញ ខណៈកម្ពុជាថៃមានទំហំពាណិជ្ជកម្មជាង ១០,៥ ពាន់លានដុល្លារ៕ អត្ថបទ៖ ហ្សាលីន