គម្រោងវិនិយោគ១២ នឹងបោះទីតាំងវិនិយោគនៅរាជធានី ខេត្ត៧ ក្រោមទុន១៥៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី៨ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៥៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៥ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនយោគទាំងនោះមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (រោងចក្រកែច្នៃលោហធាតុ, ផលិតក្រដាសកាតុង, ផលិតផលិតផលពិធីបុណ្យនានា-សម្លៀកបំពាក់បុណ្យ Halloween តុក្កតា ទៀន និងសម្ភារៈបន្ទាប់បន្សំ, ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈក្មេងលេង, ផលិតកម្រាលជ័រ និងបន្ទះក្តារ, ផលិតថ្នាំលាប និងទឹកថ្នាំ (ពីសារធាតុគីមី), ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតកង្ហារគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិត និងផ្គុំដំទ្បើងកង្ហារ និងផលិតតុក្កតាគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០០មេហ្កាវ៉ាត់ ខេត្តបាត់ដំបង)។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ១២នេះ នឹងបោះទីតាំងរាជធានី/ខេត្ត៧ រួមមាន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។

សូមជម្រាបជូនថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង។ ចំនួននេះ មានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤៕