មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំ កម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅលើដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះកោះពូលូវៃ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹង ស្តីអំពីផែនការហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើផ្ទៃសមុទ្រ របស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី៣ ខែមិថុនា។

សេចក្តីជូនដំណឹងខាងលើ បានឱ្យដឹងទៀតថា ជាមួយនឹងការរៀបចំ កម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅលើដែនសមុទ្រនេះ សូមបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជានេសាទ មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើងរួមជាមួយការ ចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងសូមកុំធ្វើដំណើរឆ្លងកាត់ ឬនេសាទ ជុំវិញតំបន់ហ្វឹកហ្វឺន បាញ់គ្រាប់ពិតនេះ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។
ទន្ទឹមនឹងនេះ កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ក៏សូមអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំង មានសមត្ថកិច្ច គ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សូមជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ជាពិសេសបងប្អូនប្រជានេសាទ ឲ្យបានជ្រាបយ៉ាងទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕


