(ភ្នំពេញ)៖ ជាក្រុមហ៊ុនធំមួយនៅកម្ពុជា ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១ លានដុល្លារអាមេរិច ដល់មូលនិធិគន្ធបុប្ផាម្ពុជា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមថ្មីដល់ទំពាំងស្នងឬស្សីរបស់សង្គមជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ពិធីប្រគល់-ទទួលថវិការរបស់ក្រុមហ៊ុន ជីប ម៉ុង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៦ ដែលមានវត្តមានចូលរួមប្រគល់ផ្ទាល់ដោយលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាងម៉េង, ដែលជាស្ថាបនិក និងសហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញសំណះសំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខអាណាព្យាបាលរួមជាមួយកុមារ ផងដែរ។
គួរបញ្ជាក់ផងដែរថា «យុទ្ធនាករ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ជាពិសេសគឺបំផុសចលនាសប្បុរសធម៍ដើម្បីក្រើនរំលឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងគោលបំណងរួមគ្នា នាំក្តីសង្ឃឹមដល់ទារក កុមារ ព្រមទាំងមាតាគ្រប់រូបដែលកំពុងពរពោះ និងត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព សុវត្ថិភាពនិងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ផ្ទាល់។
ការចូលរួមបរិច្ចាករបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញពីឆន្ទៈមោះមុត ក្នុងស្មារតី“ខ្មែរជួយខ្មែរ” ចូលរួមផ្តល់ជាជំនួយដល់ការទ្រទ្រង់វិស័យសុខាភិបាល ដើម្បីពង្រឹងនូវគុណភាព និងប្រសិទ្ធិភាពនៃការផ្តល់សេវាវេជ្ជសាស្ត្រនៅតាមបណ្តាមន្ទីរពេទ្យនានា ជាពិសេស លើការព្យាបាលកុមារកម្ពុជា ជាង ១ លានករណី ក្នុងមួយឆ្នាំៗ នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ស្មារតីរួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ!










