បន្ទាប់ពីឆ្លងកាត់រឿងចម្រូងចម្រាស់ជាច្រើន នៅក្នុងជួរនយោបាយ ដោយសារតែការដាក់ចេញច្បាប់អាជ្ញាសឹក អស់រយ:ពេលជាយូរមក ទីបំផុតរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងរកបានប្រធានាធិបតីថ្មីជាផ្លូវការហើយ គឺជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បានបញ្ជាក់មុននេះថា ជ័យជំនៈរបស់បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅនេះ គឺទទួលបានសំឡេងគាំទ្រសរុប ៤៩.៤២% ខណៈដែលគូប្រជែង លោក Kim Moon-soo ដែលមកពីគណបក្សអំណាចប្រជាជន (PPP) ទទួលបាន ៤១.១៥% នៃសំឡេងឆ្នោតគាំទ្រ។ ទន្ទឹមនឹងនេះ ចំណាត់ថ្នាក់លេខ៣ គឺបានទៅលើលោក Lee Jun-seok ដែលជាបេក្ខភាពរបស់គណបក្ស New Progressive Party មានសំឡេងគាំទ្រ ៨.២៩%។
មិនតែប៉ុណ្ណោះ យោងតាម NEC បានបង្ហាញឲ្យដឹងទៀតថា អ្នកចូលរួមបោះឆ្នោតសរុបមានចំនួនប្រហែល ៣៥,២៤ លាននាក់ ឬស្មើទៅនឹង ៧៩,៤% នៃអ្នកមានសិទ្ធិបោះឆ្នោតសរុបនៅទូទាំងប្រទេស ខណ:នេះត្រូវបានចាត់ទុកថាជាចំនួនអ្នកទៅចូលរួមបោះឆ្នោតច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៩៧ មក។
គួរឲ្យដឹងផងដែរថា អាណត្តិប្រធានាធិបតីរយ:ពេល ៥ឆ្នាំរបស់លោក Lee Jae-myung នឹងត្រូវចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ ខណ:ពិធីសច្ចាប្រណិធាន ត្រូវបានគេរំពឹងថា នឹងធ្វើឡើងយ៉ាងសាមញ្ញ នៅវេលាថ្ងៃត្រង់ នៅថ្ងៃទី៤ ខែមិថុនានេះ នៅវិមានរដ្ឋសភាកូរ៉េខាងត្បូង។
ជម្រាបជូនថា ការបោះឆ្នោតនៅប្រទេសកូរ៉េខាងត្បូង បានកើតឡើងបន្ទាប់ពីមានភាពចលាចលអស់ពេលជាច្រើនខែ ក្រោយកើតរឿងអាស្រូវច្បាប់អាជ្ញាសឹកដែលដាក់ចេញដោយអតីតប្រធានាធិបតី លោក Yoon Suk-yeol ក្នុងខែធ្នូ ឆ្នាំ២០២៤។ លោក Yoon ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែមេសា ដែលនាំទៅដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីផ្លូវការ នៅថ្ងៃទី៣ ខែមិថុនាកន្លងទៅនេះ៕

