Nvidia ឡើងកាន់តំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ក្រោយវ៉ាដាច់ Microsoft

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Nvidia ឥឡូវនេះ​ បានហក់ឡើងខ្ពស់ជាងក្រុមហ៊ុន Microsoft នៅក្នុងចំនួនប្រហែល ១០០ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់អាមេរិក ឥឡូវនេះក្លាយជាក្រុមហ៊ុនដ៏មានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ក្រោយបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី៣ ខែមិថុនា ភាគហ៊ុនរបស់ Nvidia បានកើនឡើង ២,៨% ដែលនាំឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន កើនឡើងដល់ ៣,៤៥ទ្រីលានដុល្លារ។ ទន្ទឹមនឹងនេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បានកើនឡើងត្រឹមតែ ០,២% ប៉ុណ្ណោះ ដែលនាំឲ្យតម្លៃមូលធនទីផ្សារបច្ចុប្បន្នរបស់ពួកគេមានចំនួនត្រឹម ៣,៤៤ទ្រីលានដុល្លារ។

ជុំវិញការកើនឡើងតម្លៃនេះ បានធ្វើឲ្យ Nvidia ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតរបស់ពិភពលោកម្តងទៀត។ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មក Nvidia, Microsoft និង Apple បានផ្លាស់ប្តូរវេនគ្នាកាន់តំណែងកំពូលមួយនេះ។ ហើយពេលចុងក្រោយដែលក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក ហក់ឡើងមកកាន់តំណែងកំពូល គឺនៅក្នុងខែមករា ឆ្នាំ២០២៥ នេះ។

ជម្រាបជូនថា ក្នុងរយៈពេលមួយខែកន្លងមកនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI បានកើនឡើងជិត ២៤% បើទោះបីជាមានការព្រួយបារម្ភអំពីពន្ធនាំចូល និងការគ្រប់គ្រងការនាំចេញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើផលិតផលបច្ចេកវិទ្យាក៏ដោយ។ កាលពីសប្តាហ៍មុន Nvidia បានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួនជាង ៤៤ពាន់លានដុល្លារសម្រាប់ត្រីមាសទីមួយ (បញ្ចប់ក្នុងខែមេសា) ដែលកើនឡើង ៦៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕