រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់ខ្លួន នៅមិនទាន់បានយល់ព្រមជាផ្លូវការចំពោះបទឈប់បាញ់ ជាមួយអ៊ីស្រាអែលនៅឡើយនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ការសងសឹក ប្រសិនបើរដ្ឋាភិបាលទីក្រុង Tel Aviv បញ្ឈប់ការប្រហារវាយមុននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នៅថ្ងៃទី២៤ ខែមិថុនានេះថា ៖”យើងបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា អ៊ីស្រាអែល គឺជាអ្នកផ្តួចផ្តើមជម្លោះជាមួយអ៊ីរ៉ង់។ រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយស្តីពីបទឈប់បាញ់ ឬបញ្ឈប់ប្រតិបត្តិការយោធា នៅឡើយនោះទេ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Araghchi បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងឈប់ឆ្លើយតប ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយមកលើអ៊ីរ៉ង់មុន ហើយនៅពេលនោះ យើងនឹងធ្វើការសម្រេចចិត្តជាផ្លូវការលើការបញ្ចប់ប្រតិបត្តិការយោធា នៅពេលក្រោយ។
គួរឲ្យដឹងផងដែរថា ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់ពេញលេញមួយ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។
ជម្រាបជូនថា ការប្រកាសពីបទឈប់បាញ់នេះ ត្រូវបានធ្វើឡើង ក្រោយអាមេរិកបានធ្វើអន្តរាគមន៍ក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី។ បន្ទាប់ពីការវាយប្រហារតាមអាកាសនេះ លោក ត្រាំ បានអញ្ជើញអ៊ីរ៉ង់ទៅតុចរចា។ កាលពីថ្ងៃទី២៣ ខែមិថុនា អ៊ីរ៉ង់បានប្រកាសថាខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅកាតា និងអ៊ីរ៉ាក់ជាការឆ្លើយតបវិញ៕

