អ៊ីរ៉ង់ បដិសេធជុំវិញបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលលើកឡើងដោយលោក ត្រាំ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់ខ្លួន នៅមិនទាន់បានយល់ព្រមជាផ្លូវការចំពោះបទឈប់បាញ់ ជាមួយអ៊ីស្រាអែលនៅឡើយនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ការសងសឹក ប្រសិនបើរដ្ឋាភិបាលទីក្រុង Tel Aviv បញ្ឈប់ការប្រហារវាយមុននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នៅថ្ងៃទី២៤ ខែមិថុនានេះថា ៖”យើងបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា អ៊ីស្រាអែល គឺជាអ្នកផ្តួចផ្តើមជម្លោះជាមួយអ៊ីរ៉ង់។ រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយស្តីពីបទឈប់បាញ់ ឬបញ្ឈប់ប្រតិបត្តិការយោធា នៅឡើយនោះទេ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Araghchi បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងឈប់ឆ្លើយតប ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយមកលើអ៊ីរ៉ង់មុន ហើយនៅពេលនោះ យើងនឹងធ្វើការសម្រេចចិត្តជាផ្លូវការលើការបញ្ចប់ប្រតិបត្តិការយោធា នៅពេលក្រោយ។

គួរឲ្យដឹងផងដែរថា ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់ពេញលេញមួយ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។

ជម្រាបជូនថា ការប្រកាសពីបទឈប់បាញ់នេះ ត្រូវបានធ្វើឡើង ក្រោយអាមេរិកបានធ្វើអន្តរាគមន៍ក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី។ បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាសនេះ លោក ត្រាំ បាន​អញ្ជើញ​អ៊ីរ៉ង់​ទៅ​តុ​ចរចា។ កាលពីថ្ងៃទី២៣ ខែមិថុនា អ៊ីរ៉ង់បានប្រកាសថាខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅកាតា និងអ៊ីរ៉ាក់ជាការឆ្លើយតបវិញ៕