តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដានេះ ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តទៅលើការទទួលយកញត្តិដែលចោទប្រកាន់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ពីការរំលោភបំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ដែលអាចឲ្យមុខតំណែងបច្ចុប្បន្នរបស់លោកស្រី ស្ថិតក្នុងហានិភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញញត្តិស្នើឲ្យដកតំណែងរបស់លោកស្រី Paetongtarn នេះ ត្រូវបានផ្តួចផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដែលស្នើសុំឲ្យតុលាការស៊ើបអង្កេតលើវិដេអូឃ្លីបដែលបែកធ្លាយរវាងលោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ជុំវិញឃ្លីបបែកធ្លាយនេះ លោកស្រី Paetongtarn ត្រូវបានគេចោទប្រកាន់ថាខ្វះវិជ្ជាជីវ: និងសុចរិតភាព តាមមាត្រា ១៦០ នៃរដ្ឋធម្មនុញ្ញ។ បណ្តឹងនេះ ក៏បានចោទប្រកាន់ថា លោកស្រីខ្វះភាពស្មោះត្រង់ និងការប្រព្រឹត្តដែលជាការបំពានស្តង់ដារសីលធម៌រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ តុលាធម្មនុញ្ញថៃ ត្រូវបានគេរំពឹងទុកថា នឹងទទួលយកពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភា នៅថ្ងៃទី១ ខែកក្កដានេះ។ ហើយប្រសិនបើតុលាការទទួល នោះលោកស្រី Paetongtarn អាចនឹងត្រូវព្យួរតំណែងមួយរយ: ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមទៀត។
ជម្រាបជូនថា ដោយផ្នែកលើការរុះរើជួរគណ:រដ្ឋមន្ត្រីនៅថ្ងៃនេះ មានរបាយការណ៍ជាច្រើន បានបង្ហាញថា គណបក្សភឿថៃដែលកំពុងកាន់អំណាច ហាក់ដូចជាកំពុងត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់លទ្ធភាពដែលលោកស្រី Paetongtarn អាចនឹងត្រូវព្យួរពីតំណែង។ ក្រោមការរុះរើដែលរំពឹងទុក លោកស្រី Paetongtarn ត្រូវបានគេរំពឹងថានឹងបន្ថែមមុខនាទីរបស់ខ្លួន ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ផងដែរ៕

