ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះបញ្ជីដីធ្លីទូទាំងប្រទេស​កម្ពុជា នឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបឱ្យដឹងថា ការចុះបញ្ជីដីធ្លីទូទាំងប្រទេសកម្ពុជា នឹងបញ្ចប់ក្នុងពេលឆាប់ៗនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីខាងលើ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨ ៧៤៣បណ្ណ ស្មើនឹង ២ ៩២១គ្រួសារ ជូនប្រជាពលរដ្ឋចំនួន ៥ភូមិ ស្ថិតក្នុងឃុំព្រៃទន្លេ និងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ស្រុកខ្មែរយើងកាលពីមានទំនាស់ដីធ្លីច្រើនបំផុត មានចំនួនប្រមាណ ២០,០០០ករណី ប៉ុន្តែបច្ចុប្បន្ននៅសល់ត្រឹមតែចំនួន ២០០ករណីទេ ហើយលោករំពឹងថា នៅខែធ្នូ ឆ្នាំ២០២៥ នឹងអាចអស់ករណីទំនាស់ដីធ្លីទូទាំងប្រទេស។

«ការចុះបញ្ជីដីជូនបងប្អូនប្រជាពលរដ្ឋ ចុះបញ្ជីដីជូនដីរដ្ឋជូន វត្តអារ៉ាម សាលារៀន ដីតំបន់ការពាររបស់ក្រសួងបរិស្ថាន ដីកសិកម្មរបស់ក្រសួងកសិកម្ម ដីបឹងរបស់ក្រសួងធនធានទឹក យើងនឹងបញ្ចប់ ហើយខ្ញុំគិតថា ខ្ទង់ខែធ្នូ ឆ្នាំ២០២៥នេះ នឹងចប់ភាគច្រើន ប៉ុន្តែខ្ញុំនឹងសុំពេលតិចតួចបន្ថែមទៀត ដើម្បីសម្អាតកែតម្រូវ»។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងផងដែរថា ចំពោះពុកម៉ែបងប្អូនដែលមិនបានចុះបញ្ជីដីធ្លី នៅពេលដែលគេចុះទៅធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក៏នៅមានសិទ្ធិ និងនៅមានឱកាសសុំចុះបញ្ជីដីរបស់ខ្លួនឯងដែរ ទោះបីគេចុះបញ្ជីហួសហើយក៏ដោយ។ ក្រុមការងារក្រសួង និងមន្ទីរសុរិយោដី នឹងចុះបញ្ជីជូនទាំងអស់៕