ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោក ហែម វណ្ណឌី បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត បន្ទាប់ពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម។
សូមជម្រាបដែរថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ដែលបង្កើនអត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកកំពង់ចាម ពីប្រមាណ ៤៩% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៧៦% ក្នុងឆ្នាំ២០២៥៕អត្ថបទ៖ហ្សាលីន


