អ្នកឧកញ៉ា ទៀ វិចិត្រ ចែកនាឡិកាអនុស្សាវរីយ៍រូបសម្តេចធិបតី ចំនួន ៧២៧គ្រឿង ជូនដល់បុគ្គលិកទាំងអស់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំចែកនាឡិកាអនុស្សាវរីយ៍ រូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៧២៧ គ្រឿង ជូនដល់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូឃ្លីបលើទំព័រហ្វេសប៊ុក អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញជូននូវរូបរាងនាឡិការូបសម្តេចធិបតី ហ៊ុន ម៉ាណែត ដ៏ស្រស់ស្អាត ទាំងនាឡិកាបុរស និងនារី ដែលបំពាក់ជាមួយម៉ាស៊ីនមានគុណភាពខ្ពស់ពីប្រទេសស្វីស។ នាឡិកាដ៏ស្រស់ស្អាតនេះ ផ្នែកខាងមុខមានរូបសម្តេចធិបតីនាយករដ្ឋមន្ត្រី និងផ្នែកខាងក្រោយមានឆ្លាក់រូបនិមិត្តសញ្ញាគណបក្សប្រជាជនកម្ពុជា។

អ្នកជំនួញនៅប៉ែកនិរតីរូបនេះ បច្ចុប្បន្នជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ហើយអ្នកឧកញ៉ា ជានិច្ចកាលតែងតែជួយការងារសប្បុរធម៌ជួយសង្គ្រោះជីវិតមនុស្ស ដូចជា ការជួយសង្គ្រោះការលិចទូករបស់ពលរដ្ឋ និងភ្ញៀវទេសចរនៅកណ្តាលសមុទ្រ និងការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ ដែលរស់នៅលើកោះនានា មកសម្រាលនៅទីរួមខេត្ត។ អ្នកឧកញ៉ា ត្រូវបានគេកត់សម្គាល់ឃើញថា ជាថ្នាក់ដឹកនាំមួយរូប ដែលតែងយកចិត្តទុកដាក់ខ្ពស់ដល់បុគ្គលិកក្រោមឱវាទផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូប នៅក្នុងទឹកដីខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ក៏ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងទើបទទួលការតែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥៕