ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទទួលទិញយក Xealth ជាវេទិកាថែទាំសុខភាព មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រីកអាជីវកម្មផ្តល់សេវាថែទាំសុខភាព តាមទូរស័ព្ទរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Samsung បាននិយាយថា តាមរយ:ការទិញយក ក្រុមហ៊ុនទាំងពីរសង្ឃឹមថានឹងអាចបង្កើតការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ Samsung និងវេទិការបស់ Xealth ដែលកំពុងដំណើរការលើកម្មវិធីតាមដានសុខភាពឌីជីថល និងគ្រប់គ្រងទិន្នន័យ ដោយភ្ជាប់ទៅនឹងអ្នកផ្តល់សេវាថែទាំងសុខភាព រួមទាំងបណ្តាមន្ទីរពេទ្យអាមេរិក ជាង ៥០០ ជាមួយនឹងអ្នកជំងឺផ្ទាល់របស់ពួកគេ។
យ៉ាងណាមិញ ជុំវិញតម្លៃនៃកិច្ចព្រមព្រៀងនៃការទិញយកក្រុមហ៊ុន Xealth នេះ ហាក់មិនទាន់ត្រូវបានខាងក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង បង្ហាញឲ្យដឹងនៅឡើយនោះទេ។
គួរឲ្យដឹងផងដែរថា ជុំវិញការទិញយកនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Samsung កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើពិពិធកម្មលើសពីឧបករណ៍អេឡិចត្រូនិក និងស្មាតហ្វូន ដែលជាអាជីវកម្មស្នូលរបស់ខ្លួន។ ក្រុមហ៊ុន Samsung បាននឹងកំពុងបោះទុនយ៉ាងច្រើនទៅលើវិស័យវេជ្ជសាស្រ្ត ដោយរំពឹងទុកថានឹងផ្តល់ភាពរីកចម្រើន ដោយបន្ថែមពីលើការផលិតឧបករណ៍សម្លេង ប្រព័ន្ធត្រជាក់ និងកំដៅ និងមនុស្សយន្ត ជាដើម។
ជម្រាបជូនថា នៅក្នុងខែឧសភា ក្រុមហ៊ុន Samsung Electronics បានយល់ព្រមទិញយកក្រុមហ៊ុន FlaktGroup របស់អាល្លឺម៉ង់ក្នុងតម្លៃប្រមាណ ១,៦៨ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការទៅលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលប្រើសម្រាប់គម្រោងបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើន៕

