សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើទៅកាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លើកទឹកចិត្តដល់ប្រទេសនានាឱ្យគោរពច្បាប់អន្តរជាតិ ខណៈសម្តេចក៏បានបញ្ជាក់ប្រាប់ស្ថានទូតឆែកថា សម្រាប់ចំណុចជម្លោះព្រំដែនកម្ពុជា-ថៃ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីដោះស្រាយនៅតុលាការ ICJ នោះទេ។

សម្តេចតេជោ ហ៊ុន សែន ស្នើបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនេះ លោក Martin Vávra បានសាទរចំពោះការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការល្អរវាងឆែក និងកម្ពុជា ជាពិសេសការរួមចំណែកនៃជំនួយអភិវឌ្ឍន៍របស់ឆែកក្នុងការជួយដល់កម្ពុជាលើវិស័យសង្គមកិច្ច និងសុខាភិបាលជាដើម។ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមក ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី ហើយតាមរយៈកិច្ចគាំទ្រនេះ ប្រទេសយើងទាំងពីរ បានបន្តធ្វើការយ៉ាងទៀតទាត់ និងល្អប្រសើរនៅក្នុងព្រឹត្តការណ៍ពហុភាគីនៅក្នុងសហភាពអឺរ៉ុប និងអាស៊ី -ប៉ាស៊ីហ្វិកជាដើម។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទសយើងទាំងពីរ ចាប់ផ្តើមតាំងពីជំនាន់អតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ឆែក ចំពោះកម្ពុជា។

ឆ្លៀតឱកាសនោះ សម្តេចតេជោ បញ្ជាក់ពីស្ថានភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ បានលើកឡើងថា សម្រាប់ចំណុចទាំងបួន រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីដោះស្រាយនៅតុលាការ ICJ នោះទេ ដោយហេតុថាយន្តការទ្វេភាគីមិនអាចដោះស្រាយបាន។
បន្ថែមពីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតុលាការ ICJ ផង គឺជាជម្រើសល្អបំផុត ហើយការវាយដណ្តើមដីគ្នា គឺនឹងនាំមកនូវតែវិនាសកម្ម និងការបំផ្លិចបំផ្លាញខ្ទិចខ្ទីរប៉ុណ្ណោះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា មិនចង់ធ្វើសង្គ្រាមទេទេ តែកម្ពុជា ត្រូវត្រៀមខ្លូនក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនផង និងសិទ្ធិវាយបកផង។
ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានសំណូមពរ លោក Martin Vávra ឯកអគ្គរដ្ឋទូតឆែក លើកទឹកចិត្តដល់ប្រទេសនានាឱ្យគោរពច្បាប់អន្តរជាតិផងដែរ៕អត្ថបទ៖ហ្សាលីន


