TikTok ជួយឲ្យស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាងកូរ៉េខាងត្បូងម្នាក់​ ឡើងងារជាមហាសេដ្ឋី​

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាង APR លោក Kim Byung Hoon កាលពីពេលថ្មីៗនេះ​ បានឡើងងារជាមហាសេដ្ឋីម្នាក់របស់ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ​ ១,៣ពាន់លានដុល្លារ​ ពីភាគហ៊ុនដែលកំពុងកើនឡើងក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយសារតែប្រជាប្រិយភាព លើបណ្តាញសង្គម TikTok។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវ័យត្រឹម ៣៦ឆ្នាំ លោក Kim កាន់ភាគហ៊ុនសរុប ៣១% ក្នុង APR នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន​ បានកើនឡើងរហូតដល់ ២០០%​ នៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីក្លាយជាក្រុមហ៊ុនថែរក្សាសម្រស់ធំជាងគេទីពីររបស់កូរ៉េខាងត្បូង ដោយផ្នែកតាមតម្លៃទីផ្សារ។

APR ឥឡូវនេះ​ ត្រូវបានគេរាយការណ៍ថាមានតម្លៃទីផ្សារប្រមាណ ៥,៦៥ទ្រីលានវ៉ុន (៤,១ពាន់លានដុល្លារ) ដោយថ្មីៗនេះ​ បានវ៉ាដាច់ក្រុមហ៊ុនខ្នាតយក្សលំដាប់ប្រទេស LG H&H ហើយតាមពីក្រោយតែក្រុមហ៊ុន Amorepacific ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី ChosunBiz។

ជម្រាបជូនផងដែរថា ជុំវិញភាពរីកចម្រើនដ៏គួរឲ្យកត់សម្គាល់នេះ ក៏បានជួញរុញច្រានលោក Kim ឲ្យសាងទ្រព្យសម្បត្តិបានដ៏ច្រើនផងដែរ ចាប់តាំងពីលោកបានបង្កើត APR នៅក្នុងឆ្នាំ២០១៤​ ដោយផ្តោតលើគ្រឿងសម្អាង មុនឈានដល់ការផលិតឧបករណ៍ថែរក្សាសម្រស់ ជាច្រើនទៀត តាមរយ:ការផ្សព្វផ្សាយជាចម្បងលើបណ្តាញសង្គម TikTok៕​