ស្ថាបនិកប្រែនកំពូល​ Zara ជះលុយជាង ១០០លានដុល្លារ​ ទិញសណ្ឋាគារលំដាប់ផ្កាយ៥ នៅទីក្រុងប៉ារីស

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូល និងជាស្ថាបនិកប្រែនសម្លៀកបំពាក់ Zara លោក Amancio Ortega កាលពីពេលថ្មីៗនេះ​ ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់រហូតដល់ទៅ​ ៩៧លានអឺរ៉ូ (១១៣,៥លានដុល្លារ) ទិញយកសណ្ឋាគារដ៏ល្បីល្បាញមួយ នៅក្នុងទីផ្សារប៉ារីស ប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការការិយាល័យគ្រួសាររបស់លោក Ortega ដែលមានឈ្មោះថា Pontegadea បានបង្ហើបឲ្យដឹងថា មហាសេដ្ឋីរូបនេះ​ បានចំណាយទឹកប្រាក់ដ៏ច្រើន ដើម្បីទិញយកអចលនទ្រព្យលំដាប់ផ្កាយ៥ Derby Hotels ដែលមានទីតាំងនៅចំណកណ្តាលទីក្រុងប៉ារីស និងនៅជិតមហាស្រព Palais Garnier ផងដែរ។

រំឮកផងដែរថា កាលពីដើមឆ្នាំនេះ លោក Ortega បានទិញអគារអាផាតមិនមួយ​ នៅតំបន់ Fort Lauderdale ក្នុងតម្លៃប្រហែល ១៦៥លានអឺរ៉ូ (១៩៣,១លានដុល្លារ) និងអចលនទ្រព្យការិយាល័យ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្នុងតម្លៃប្រហែលជិត ៣០០លានដុល្លារ។ ក្នុងឆ្នាំ២០១៤ មហាសេដ្ឋីរូបនេះ ក៏បានទិញយកអគារពាណិជ្ជកម្មមួយ នៅទីក្រុងប៉ារីស ក្នុងតម្លៃប្រហែល ២៣៤លានដុល្លារ ផងដែរ។

ជម្រាបជូនផងដែរថា លោក Ortega មានភាគហ៊ុនសរុបប្រហែល ៥៩% នៅក្នុងក្រុមហ៊ុន Inditex SA ដែលជាម្ចាស់របស់ប្រែន Zara។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Ortega ត្រូវបានគេរាយការណ៍ថាមានចំនួនសរុបជាង ១២០ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាុយជាបុគ្គលមានបំផុតនៅអេស្ប៉ាញ និងជាអ្នកមានបំផុតទី២ របស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg៕​