មហាសេដ្ឋីលំដាប់កំពូល និងជាស្ថាបនិកប្រែនសម្លៀកបំពាក់ Zara លោក Amancio Ortega កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់រហូតដល់ទៅ ៩៧លានអឺរ៉ូ (១១៣,៥លានដុល្លារ) ទិញយកសណ្ឋាគារដ៏ល្បីល្បាញមួយ នៅក្នុងទីផ្សារប៉ារីស ប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមការការិយាល័យគ្រួសាររបស់លោក Ortega ដែលមានឈ្មោះថា Pontegadea បានបង្ហើបឲ្យដឹងថា មហាសេដ្ឋីរូបនេះ បានចំណាយទឹកប្រាក់ដ៏ច្រើន ដើម្បីទិញយកអចលនទ្រព្យលំដាប់ផ្កាយ៥ Derby Hotels ដែលមានទីតាំងនៅចំណកណ្តាលទីក្រុងប៉ារីស និងនៅជិតមហាស្រព Palais Garnier ផងដែរ។
រំឮកផងដែរថា កាលពីដើមឆ្នាំនេះ លោក Ortega បានទិញអគារអាផាតមិនមួយ នៅតំបន់ Fort Lauderdale ក្នុងតម្លៃប្រហែល ១៦៥លានអឺរ៉ូ (១៩៣,១លានដុល្លារ) និងអចលនទ្រព្យការិយាល័យ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្នុងតម្លៃប្រហែលជិត ៣០០លានដុល្លារ។ ក្នុងឆ្នាំ២០១៤ មហាសេដ្ឋីរូបនេះ ក៏បានទិញយកអគារពាណិជ្ជកម្មមួយ នៅទីក្រុងប៉ារីស ក្នុងតម្លៃប្រហែល ២៣៤លានដុល្លារ ផងដែរ។
ជម្រាបជូនផងដែរថា លោក Ortega មានភាគហ៊ុនសរុបប្រហែល ៥៩% នៅក្នុងក្រុមហ៊ុន Inditex SA ដែលជាម្ចាស់របស់ប្រែន Zara។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Ortega ត្រូវបានគេរាយការណ៍ថាមានចំនួនសរុបជាង ១២០ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាុយជាបុគ្គលមានបំផុតនៅអេស្ប៉ាញ និងជាអ្នកមានបំផុតទី២ របស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg៕

