មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានប្រកាសនៅថ្ងៃចន្ទថា លោកមិនគាំទ្រឲ្យមានការច្របាច់បញ្ចូលគ្នា រវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការឆ្លើយតបទៅកាន់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម X លោក Musk បានបញ្ជាក់យ៉ាងច្បាស់វានឹងគ្មានការរួមបញ្ចូលគ្នាណាមួយរវាងក្រុមហ៊ុន Tesla និង xAI ដើម្បីប្រកួតប្រជែងជាមួយ OpenAI នោះឡើយ។
ជុំវិញការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីលោក Musk កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកនឹងស្នើឲ្យម្ចាស់ភាគហ៊ុនរបស់ Tesla បោះឆ្នោតសម្រេចថា តើ Tesla អាចចាក់លុយវិនិយោគលើ xAI បានដែរឬទេ បន្ទាប់ពីបាននិយាយកាលពីពេលមុនថា លោកចង់ឲ្យ Tesla ធ្វើដូច្នេះ ដើម្បីជំរុញវិស័យ AI របស់ខ្លួនឲ្យកាន់តែខ្លាំង។
រំឮកផងដែរថា xAI បានទិញយកបណ្តាញសង្គម X ដែលពីមុនស្គាល់ថាជា Twitter និងជាកម្មសិទ្ធិមួយរបស់លោក Musk នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៣៣ពាន់លានដុល្លារ ក្នុងខែមីនា ដើមឆ្នាំនេះ ដោយធ្វើឲ្យតម្លៃក្រុមហ៊ុនរួមបញ្ចូលគ្នាកើនឡើងដល់ ៨០ពាន់លានដុល្លារ នៅពេលនោះ។
មិនតែប៉ុណ្ណោះ យោងតាម Wall Street Journal បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា ក្រុមហ៊ុន SpaceX បានយល់ព្រមបោះទុនវិនិយោគទឹកប្រាក់ ២ពាន់លានដុល្លារ នៅក្នុង xAI ដែលជាផ្នែកមួយនៃយុទ្ធនាការលក់ចេញបណ្ណបំណុលចំនួន ៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត ទើបបង្កើតថ្មីនេះ៕

