ក្រុមគ្រួសារសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នាំយកអំណោយជូនកងទ័ពជួរមុខតំបន់មុំបី និងកងពលធំអន្តរគមន៍លេខ៣

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមគ្រួសារលោកសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផា សៀមរាប) និងក្រុមគ្រួសារសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងក្រុមការងារ និងញាតិមិត្តទាំងអស់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខនៅមុំបី ដោយបានពាំនាំនូវសម្ភារៈបរិក្ខា និងថ្នាំពេទ្យមួយចំនួនជូនបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខនៅកងពលធំអន្តរគមន៏លេខ៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានថ្លែងអំណរគុណ និងដឹងគុណជាអនេក ជូនចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។

លោកសាស្ត្រាចារ្យ ចាត់ទុកគំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។

តំណាងឱ្យក្រុមគ្រូពេទ្យ និងបង​ប្អូនញាតិមិត្ដទាំងអស់ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា បានគោរពថ្លែងអំណរគុណ និងដឹងគុណជាអនេក សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូនចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធជួរមុខដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ព្រមទាំង កងកម្លាំង និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត រៀបចំ និងសម្របសម្រួលផ្តល់ឱកាសឱ្យយើងខ្ញុំទាំងអស់គ្នាបានជួបសួរសុខទុក្ខ និងជូននូវសម្ភារៈបរិក្ខា បរិភោគមួយចំនួន សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផា ទើបតែបញ្ចប់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីបំផុសចលនាកៀរគរការបរិច្ចាគថវិកាក្នុងស្មារតី “ខ្មែរជួយខ្មែរ” ទោះតិចក្ដី ឬច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផា ដ៏ធំមួយនេះ នៅក្នុង១ឆ្នាំៗ ត្រូវចំណាយថវិកាប្រមាណ៤៣លានដុល្លារអាម៉េរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះ។ ទោះបីជាយុទ្ធនាការនេះបានបញ្ចប់ទៅហើយក៏ដោយ ក៏មន្ទីពេទ្យនៅតែអំពាវនាវ និងរងចាំទទួលថវិកាពីសប្បុរសជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អ្នកមានទ្រព្យធនជានិច្ច និងគ្រប់ពេលវេលា ដើម្បីធានានូវនិរន្តរភាពក្នុងការជួយសង្គ្រោះជីវិតទារក​និងកុមារកម្ពុជា៕