លោក ជា ចាន់តូ៖ ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តរក្សាបានភាពធន់និងរឹងមាំ

សង្គម​និង​សេដ្ឋកិច្ច

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារកម្ពុជានៅបន្តរក្សាបានភាពធន់និងរឹងមាំ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ការបើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានដក់ស្រង់សម្តី លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថា ក្នុងឱកាសថ្លែងសុន្ទរកថាបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៣ លោក ជា ចាន់តូ មានប្រសាសន៍ថា “ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយនៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាស្ថិរភាពថ្លៃនិងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារនិងប្រព័ន្ធទូទាត់ ដែលបានជួយជ្រោងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍវិស័យនានាឱ្យប្រព្រឹត្តទៅដោយពិលាស។

ជាមួយគ្នានេះដែរ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រូបនេះ បានអះអាងទៀតថា ប្រព័ន្ធធនាគារកម្ពុជានៅបន្តរក្សាបានភាពធន់និងរឹងមាំ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រៅពីនេះ សេវាហិរញ្ញវត្ថុត្រូវបានបន្តពង្រីកវិសាលភាព ដែលបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

សន្និបាតខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅការងារចម្បងៗសម្រាប់ឆមាសទី២ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។

បើតាមធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១​ឆ្នាំ២០២៣នេះ ពាក់ព័ន្ធវិស័យធនាគារ ឃើញថា ឥណទានត្រូវបានផ្ដល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច ដោយមានកំណើន ១១,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ គឺមានការថមថយចំនួន២៥%។  ក្នុងនោះ វិស័យសំខាន់ ដែលត្រូវបានផ្តល់ឥណទានមានកំណើនច្រើន និងខ្ពស់ជាងគេ រួមមាន៖ វិស័យកម្មន្តសាល មានកំណើន ២២,២%, ការទិញផ្ទះជា កម្មសិទ្ធិផ្ទាល់ខ្លួន មានកំណើន ១៧,៥%, ការជួញដូរអចលនទ្រព្យ មានកំណើន ១៣,៦%,និងកសិកម្ម មានកំណើន ១៣,៤%។ល៕  អត្ថបទ៖​ពិសី