កម្ពុជា ស្នើជប៉ុនសិក្សាលទ្ធភាពលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway)នាពេលខាងមុខនេះ។ ការស្នើនេះ ត្រូវបានធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារក្រុមហ៊ុន NIPPON KOEI លើគម្រោងការកែលម្អផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណងនៃជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។ 

ជាងនេះទៀត លោកក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារJICAបានសិក្សារួចកន្លងមកផងដែរ។

បើតាមក្រសួងសារធារណការបានឱ្យដឹងថា ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថាJTCA (Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ក៏ធ្លាប់បានជំរុញក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ឱ្យពន្លឿនការសិក្សាលម្អិត និងស៊ីជម្រៅលើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ឱ្យបានឆាប់បំផុត ព្រោះនេះជាជម្រើសដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ៕