គណៈប្រតិភូម៉ាឡេស៊ី បានមកស្វែងរកការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសវិស័យស្រូវអង្ករ ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន។

ការបង្ហាញគោលបំណងរបស់គណៈប្រតិភូខាងលើនៅក្នុងជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក YB Haji Dzowahir bin haji an Ghani តំណាងរាស្រ្តខេត្ត Kedah នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងជំនួបនោះ គណៈប្រតិភូម៉ាឡេសុីបានបង្ហាញពីគោលបំណងពិភាក្សាសិក្សាស្វែងយល់ពីវិស័យកសិកម្មកម្ពុជា ជាពិសេសការផ្តោតសំខាន់ទៅលេីវិស័យស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនដែលខ្វះខាត និងពិនិត្យទៅលេីវិស័យសក្តានុពលផ្សេងៗទៀត ដែលអាចធ្វេីការវិនិយោគជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ប្រាក់ ដាវីដ បានបញ្ជាក់ថា កម្ពុជាមានអង្ករក្រអូប ដែលមានគុណភាពខ្ពស់ ល្អប្រណិត និងរសជាតិឆ្ងាញ់ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ភាគីម៉ាឡេសុី។
ជាមួយគ្នានោះ លោកក៏បានអញ្ជេីញគណៈប្រតិភូ ចូលរួមកម្មវិធី(CAFE25) នាចុងឆ្នាំនេះ សំដៅលេីកកម្ពស់វិស័យកសិកម្មផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ជាពិសេសមានឱកាសពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកែច្នៃកសិផលសំខាន់ៗដែលកម្ពុជាមាន និងការជំរុញកសិពាណិជ្ជកម្ម៕




