គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបាន​សិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត

សង្គម​ និង​សេដ្ឋកិច្ច

លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ កិច្ចប្រជុំរៀបចំឡើងខាងលើនេះធ្វើក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាការងារបច្ចេកទេសបំពេញបន្ថែមស្របតាមស្ដង់ដារបច្ចេកទេសលើគំនូសប្លង់លម្អិត និងការស្វែងរកដំណោះស្រាយ នៃបញ្ហាប្រឈមរួមគ្នាលើផលប៉ះពាល់ ព្រមទាំងពិនិត្យលើសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

លោក សួង ហេង រដ្ឋលេខាធិការសាធារណការ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនការសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋានបចេ្ចកទេស សំដៅធ្វើយ៉ាងកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតអប្បបរមា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាន់ពេលវេលាតាមការគ្រោងទុក។

សូមជម្រាបជូនថា គម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើត  ទៅផ្លូវជាតិលេខ១ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែង ១ ៥៩១ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមការណែនាំដ៏ខ្ពស់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) នាថ្ងៃទី១៩ កុម្ភ: ឆ្នាំ២០២៤។

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) សម្រេចបានប្រមាណជាង៣០%។ គម្រោងស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅផងដែរ៕