Apple ប្រកាសវិនិយោគ ៥០០លានដុល្លារ ក្នុងក្រុមហ៊ុនផលិតរ៉ែកម្រតែមួយគត់របស់អាមេរិក

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple កាលពីពេលថ្មីៗនេះ​ បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ តម្លៃ ៥០០លានដុល្លារ ជាមួយក្រុមហ៊ុន MP Materials ដែលជាអ្នកផលិតធនធានរ៉ែកម្រតែមួយគត់របស់សហរដ្ឋអាមេរិក​ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក សម្រាប់ការផលិតស្មាតហ្វូន និងរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការវិនិយោគក្នុងចំនួនទឹកប្រាក់ដ៏ច្រើននេះ Apple នឹងទិញយករ៉ែមេដែកកម្រ ដែលផលិតនៅសហរដ្ឋអាមេរិក ពីរោងចក្រ MP Materials ស្ថិតនៅទីក្រុង Fort Worth រដ្ឋតិចសាស់។ បន្ថែមពីនេះ ក្រុមហ៊ុនទាំងពីរ ក៏នឹងសហការគ្នា ដើម្បីបង្កើតរោងចក្រថ្មីមួយ សម្រាប់ខ្សែសង្វាក់ផលិតកម្មមេដែក Neodymium ដែលត្រូវបានរចនាយ៉ាងពិសេស សម្រាប់ផលិតផលរបស់ Apple ផងដែរ។

គួរឲ្យដឹងថា ការវិនិយោគនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយរបស់ Apple ក្នុងការបង្កើនការផលិតក្នុងស្រុក ជាមួយនឹងផែនការចំណាយច្រើនជាង ៥០០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក សម្រាប់រយ:ពេល ៤ឆ្នាំខាងមុខ។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”វត្ថុធាតុដើមដ៏កម្រមានសារៈសំខាន់សម្រាប់ការផលិតបច្ចេកវិទ្យាទំនើប ហើយភាពជាដៃគូនេះ នឹងជួយពង្រឹងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗទាំងនេះ នៅទីនេះ ក្នុងទឹកដីសហរដ្ឋអាមេរិក”។

យោងតាមក្រុមហ៊ុន Apple បាននិយាយថា កិច្ចសហការចុងក្រោយនេះ នឹងអាចបង្កើតឱកាសការងារនៅក្នុងវិស័យផលិតកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ថ្មីៗរាប់សិបកន្លែង ផងដែរ៕​