កម្ពុជា-ចិន បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីបន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងនៃគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានឆាប់។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Yang Jie នាយកគ្រប់គ្រងទូទៅ ការិយាល័យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)ប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក, ថ្នាក់ដឹកនាំការិយាល័យក្រុមហ៊ុន CRBC ប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។

ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជានៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ព្រែកជីកដែលមានប្រវែងជាង ១៧៤ គ.ម សាងសង់ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយដែលអាចឱ្យនាវាមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅមកនិងជៀសគ្នាបានដោយសុវត្ថិភាព។
គិតមកដល់ពេលនេះ ការបោះបង្គោលព្រំដីជានិមិត្តរូប សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានបោះរួចសរុបមានចំនួន ១០៧៩បង្គោល ក្នុងនោះរួមមាន ខេត្តកណ្តាល ៣៨៧បង្គោល (បញ្ចប់ទាំងស្រុង), ខេត្តតាកែវ ៥៥០បង្គោល (បញ្ចប់ទាំងស្រុង) និង ខេត្តកំពត ១៤២ បង្គោល។ បច្ចុប្បន្នក្រុមការងារបាននិងកំពុងបន្តអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន


