ការនាំចេញរ៉ែកម្ររបស់ចិន ទៅកាន់សហរដ្ឋអាមេរិក ហក់ឡើងខ្ពស់កប់ពពក ក្នុងខែមិថុនា

អន្តរជាតិ

យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងថា ការនាំចេញរ៉ែកម្ររបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ ៧ដង បើធៀបទៅនឹងបរិមាណនៅក្នុងខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា កាលពីខែមុន ការនាំចេញរ៉ែកម្ររបស់ចិន ទៅកាន់សហរដ្ឋអាមេរិក បានឈានដល់ចំនួន ៣៥៣ តោន ពោលគឺបានកើនឡើង ៦៦០% បើធៀបទៅនឹងខែឧសភា ដែលជាសញ្ញានៃការងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា។

ជុំវិញកំណើននេះ បានកើតឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងកាលពីខែមិថុនា ដោយបានដោះស្រាយបញ្ហាការលក់រ៉ែកម្រ ទៅឲៀ្យសហរដ្ឋអាមេរិក ស្របពេលក្រុមហ៊ុនបន្ទះឈីបអាមេរិក Nvidia ក៏បានយល់ព្រមលក់បន្ទះឈីប AI H20 របស់ខ្លួន ទៅកាន់ប្រទេសចិនវិញ ផងដែរ។

ជម្រាបជូនផងដែរថា ប្រទេសចិន បាននាំចេញរ៉ែកម្ររបស់ខ្លួនសរុបចំនួន ៣ ១៨៨ តោន ទៅកាន់ប្រទេសនៅទូទាំងពិភពលោក កាលពីខែមុន ពោលគឺបានកើនឡើង ១៥៧% បើធៀបទៅនឹងខែឧសភា។ ប្រទេសដែលទិញរ៉ែកម្រើពីចិនច្រើនជាងគេ​ ក្នុងខែមិថុនា រួមមានអាល្លឺម៉ង់ សហរដ្ឋអាមេរិក វៀតណាម កូរ៉េខាងត្បូង និងប្រទេសថៃ៕