ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងគូស្នេហ៍ គឺលោកស្រី Lauren Sanchez ទើបតែបានបញ្ចប់ពិធីមង្គលការដ៏អធិកអធម និងបែបអភិជនបំផុត ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងVenice ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ ហើយត្រូវបានគេរាយការណ៍មកថាបានចំណាយទឹកប្រាក់ដល់ទៅរាប់លានដុល្លារ។

យ៉ាងណាមិញ ក្រោយបញ្ចប់ពិធីមង្គលការ យោងតាមសារព័ត៌មានអ៊ីតាលី Il Messaggero បានបង្ហាញឲ្យដឹងថា លោក Jeff Bezos ក៏បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានបន្សល់ទុកលុយធីបចំនួន ៥២ ០០០ដុល្លារ (ឬស្មើប្រហែល ៤៥ ០០០អឺរ៉ូ) ដល់បុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយប្រាំ Aman Venice ដែលជាកន្លែងពិធីនេះត្រូវបានរៀបចំធ្វើឡើង។
មិនតែប៉ុណ្ណោះ បើទោះបីជាពិធីមង្គលការនេះ ត្រូវបានរងការរិះគន់ពីសំណាក់អ្នករស់នៅក្នុងទីក្រុង Venice មួយចំនួន ចំពោះការបង្កជាភាពភាពរញ៉េរញ៉ៃក្នុងទីក្រុងក៏ដោយ ប៉ុន្តែបុគ្គលិកសណ្ឋាគារ Aman Venice ត្រូវបានបានគេនិយាយថាបានបង្ហាញការដឹងគុណ លោក Bezos ដោយក្តីស្រលាញ់ ចំពោះភាពសម្បុសរធម៌របស់លោក។
លើសពីនេះ ក្រៅតែបានផ្តល់លុយធីបយ៉ាងច្រើនហើយ របាយការណ៍ពី Il Messaggero ក៏រាយការណ៍ផងដែរថា លោក Bezos បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣លានដុល្លារផ្សេងទៀត ដើម្បីគាំទ្រដល់អង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងទីក្រុង Venice ចំពោះការខិតខំប្រឹកប្រែងរបស់ពួកគេ លើការថែរក្សាបឹង និងបរិស្ថានជុំវិញទីក្រុង។
ជម្រាបជូនផងដែរថា បច្ចុប្បន្នលោក Bezos ត្រូវបានសារព័ត៌មាន Forbes រាយការណ៍ថាមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៩ពាន់លានដុល្លារ ដោយធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់ទី៤ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក៕

