កម្ពុជា-អាស៊ែបៃហ្សង់ រួមគ្នាជំរុញការទាក់ទាញលំហូរភ្ញៀវទេសចរ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងអាស៊ែបៃហ្សង់ បានពិភាក្សាគ្នាផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តស៊ីជម្រៅស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងការជំរុញទាក់ទាញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ និងគណៈប្រតិភូ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ រដ្ឋមន្រ្តីទាំងពីរបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ជាបេតិកភណ្ឌពិភពលោក និងដែលមានតម្លៃបន្ថែមរបស់ប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ដល់ប្រជាជនប្រទេសទាំងពីរ និងពិភពលោកទាំងមូល។

ប្រទេសទាំងពីរមានទស្សនៈរួមគ្នាលើសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិ ការបង្កើតចំណូលរបស់ប្រជាពលរដ្ឋ និងការភា្ជប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដោយហេតុថាប្រទេសទាំងពីរជាប្រទេសដែលមានប្រវតិ្តសាស្រ្ត វប្បធម៌ និងអរិយធម៌ដ៏យូរលង់ ប្រពៃណីទំនៀមទំលាប់ដ៏សំបូរបែប និងចំណាស់ ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនម្ចាស់ស្រុក កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌ អេកូទេសចរណ៍ និងធម្មជាតិជាច្រើន ពិសេសគឺសុទ្ធតែជាប្រទេសដែលមានបេតិភណ្ឌពិភពលោកដូចគ្នា។ ដោយប្រទេសកម្ពុជាត្រូវបានស្គាល់តាមរយៈប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ហើយប្រទេសអាស៊ែបៃហ្សង់តាមរយៈបេតិកភណ្ឌក្នងរដ្ឋធានីបាគូដែលមានប្រាសាទ Shirvanshah ជាមួយជញ្ជាំងក្រុង និងប៉ម Maiden ដែលត្រូវបានចាត់ទុកជាគុជនៃស្ថាបត្យកម្មរបស់ជាតិ។

គួរឱ្យបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវ​ទេចរអន្តរជាតិជាង​ ១,៨៣ លាននាក់ កើនឡើង១៦,១% ធៀបនឹងរយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន។ កម្ពុជា រំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹង​បង្កើតចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ​​ជាង​៥ពាន់លានដុល្លារ​ផងដែរ។

លោក ហួត ហាក់ ធ្លាប់បានគូសបញ្ជាក់ថា បើទោះបីជានៅក្នុងបរិការណ៍ភាពតាងតឹងនៃភូមិសាស្ត្រនយោបាយ សភាពការណ៍ប្រែប្រួលមិនច្បាស់លាស់នៃពិភពលោក និងតំបន់, សង្គ្រាមនិងវិបត្តិ នៅមជ្ឈិមបូព៌ា ការដាក់សម្ពាធខាងពាណិជ្ជកម្មតាមរយៈពន្ធបដិការរបស់សហរដ្ឋអាមេរិកយ៉ាងណា ប៉ុន្តែចំនួនអ្នកទេសចរដែលមកកម្សាន្តនៅតំបន់អាស៊ាន ក៏ដូចជាកម្ពុជា មានចំនួនកើនឡើង ដែលនេះវាពិតជាបានឆ្លុះបញ្ចាំងអំពីភាពធន់នៃវិស័យទេសចរណ៍៕