សហរដ្ឋអាមេរិក បានប្រកាសកខ្លួនចេញពីអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNESCO សារជាថ្មីម្តងទៀត ពោលត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីបានចូលរួមវិញ ក្រោមហេតុផលថា អង្គការអន្តរជាតិមួយនេះ មិនបានចូលរួមផ្តល់ជាផលប្រយោជន៍សម្រាប់ជាតិខ្លួន នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយថា ៖ “UNESCO បន្តគោលដៅសង្គម និងវប្បធម៌ដែលបែកបាក់គ្នា ហើយផ្តោតខ្លាំងពេកលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដែលជារបៀបវារ:នៃការអភិវឌ្ឍន្តរជាតិសកលនិយម ដែលមិនសមស្របតាមគោណនយោបាយការបរទេស ‘America First’ របស់យើងឡើយ”។
គួរឲ្យដឹងផងដែរថា ជុំវិញការសម្រេចដកខ្លួនចេញរបស់សហរដ្ឋអាមេរិកនេះ នឹងត្រូវចូលជាធរមាននៅចុងឆ្នាំ២០២៦ ដូចដែលមានចែកក្នុងច្បាប់ធម្មនុញ្ញរបស់អង្គការ UNESCO។ នៅពេលដែលរដ្ឋជាសមាជិកមួយ សម្រេចដកខ្លួន នោះវានឹងត្រូវចូលជាធរមាន នៅចុងឆ្នាំសារពើពន្ធបន្ទាប់ ពោលគឺក្រោយពីការជូនដំណឹងជាផ្លូវការ ត្រូវបានធ្វើឡើង។
ជម្រាបជូនផងដែរថា លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិនេះ រួចម្តងហើយ ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន មុនពេលដែលសហរដ្ឋអាមេរិក វិលមកចូលរូមជាមួយ UNESCO វិញ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន៕

