សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពី ការហាមឃាត់យកការប្រកួតកីឡាប្រដាល់គុនខ្មែរមកធ្វើជាល្បែងភ្នាល់ ក្រោយពីលេចចេញព័ត៌មានថាមាន ក្រុមហ៊ុន ឬ Website ភ្នាល់ល្បែងតាមOnline មួយចំនួន បានយកការប្រកួតកីឡាប្រដាល់គុនខ្មែរ ទៅដាក់ក្នុងWebsite របស់ខ្លួន ដើម្បីឱ្យសាធារណជនភ្នាល់ដាក់ប្រាក់។

នៅក្នុងសេចក្ដីជូនដំណឹងនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកសកម្មភាពបែបនេះ គឺជាការប្រព្រឹត្តខុស និងប្រាសចាកពីកម្មវត្ថុរបស់កីឡាប្រដាល់គុនខ្មែរ ដែលជាការប្រកបអាជីវកម្មខុសច្បាប់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកីឡាប្រដាល់គុនខ្មែរ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
ដើម្បីជៀសវាង និងបង្ការនូវបញ្ហាទាំងនេះកុំឱ្យកើតមានឡើង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជូនដំណឹង និងណែនាំចំនួន៣ចំណុចគឺ៖
១. ហាមឃាត់ចំពោះក្រុមហ៊ុន ឬWebsite ល្បែងភ្នាល់តាមOnline ទាំងអស់ មិនឱ្យយកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ទៅធ្វើជាអាជីវកម្ម ឬដាក់ឱ្យមានការភ្នាល់ជាដាច់ខាត។
២. ហាមឃាត់មន្ត្រី អាជ្ញាកណ្ដាល ចៅក្រមគ្រប់រូបរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងបុគ្គលិក ស្ថានីយទូរទស្សន៍ បុគ្គលិកក្រុមហ៊ុនដៃគូសហការ អ្នករៀបចំកម្មវិធី ម្ចាស់ក្លឹប និងគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាសមាជិក សមាជិការបស់សហព័ន្ធកីឡាប្រដាល់ គុនខ្មែរ មិនឱ្យចូលរួមភ្នាល់ ឬផ្តល់ទិន្នន័យនៃការប្រកួតកីឡាប្រដាល់គុនខ្មែរទៅឱ្យក្រុមហ៊ុន ឬWebsite ល្បែងភ្នាល់តាមOnline ណាមួយឡើយ។
៣. ហាមឃាត់ចំពោះគ្រប់សកម្មភាពដែលអាចចាត់ទុកថាជាការផ្តល់ព័ត៌មាន ឬទិន្នន័យនៅពេលកំពុង ប្រកួតពីក្នុងស្ថានីយទូរទស្សន៍នីមួយៗទៅខាងក្រៅ ដូចជាការដែលមានបុគ្គលណាម្នាក់ ឬច្រើននាក់ប្រើប្រាស់ទូរស័ព្ទមួយគ្រឿង ឬច្រើនគ្រឿង ដើម្បីបញ្ចូនព័ត៌មានឬទិន្នន័យអំពីការប្រកួត ឬកម្មវិធី ដែលកំពុងផ្សាយទៅក្រុមហ៊ុនភ្នាល់។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គូសបញ្ជាក់ថា ក្នុងករណីបើមានក្រុមហ៊ុនណាមួយ ក្លឹបណាមួយ បុគ្គលណាមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកពាក់ព័ន្ធមិនគោរព ឬមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕



