កម្ពុជា-ឡាវ រួមគ្នាពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងឡាវបេ្តជា្ញអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០២២ ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរកាន់តែច្រើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលបានចុះកាលពីឆ្នាំ២០២២ និងការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសជិតខាងទាំងពីរឱ្យច្រើនឡើងថែមទៀត។

កិច្ចពិភាក្សានេះ ក៏បានផ្តោតលើការសម្របសម្រួលការធ្វើដំណើរចេញចូល និងការតភា្ជប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ទាំងផ្លូវគោក និងផ្លូវអាកាស ដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ដែលមានស្រាប់រួចហើយ ការសំរួលបែបបទធ្វើដំណើរ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរអាចទស្សនាតាមគោលដៅទេសចរណ៍នៃខេត្តជាប់ព្រំដែន។ល។

គួរបញ្ជាក់ថា ក្នុងជំនួបខាងលើ ភាគីទាំងពីរក៏បានបង្ហាញនូវទស្សនៈរួមគ្នាថាទេសចរណ៍ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕