តៃវ៉ាន់​ គ្រោង​បង្កើត​គម្រោង AI ថ្មី ដើម្បី​ជំរុញ​សេដ្ឋកិច្ចឲ្យបានជាង ៥០០ពាន់​លាន​ដុល្លារ

អន្តរជាតិ

តៃវ៉ាន់ គ្រោងនឹងចាប់ផ្តើមគំនិតផ្តួចផ្តើម “គម្រោងហេដ្ឋរចនាសម្ព័ន្ធ AI សំខាន់ៗចំនូន១០”​ ក្នុងគោលបំណងជំរុញតម្លៃសេដ្ឋកិច្ចជាង ១៥ទ្រីលានដុល្លារតៃវ៉ាន់ (ឬស្មើប្រហែល ៥១០ពាន់លានដុល្លារ) នៅត្រឹមឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះថា តៃវ៉ាន់ មានបំណងបង្កើនវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់ខ្លួន និងសមត្ថភាពផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេ ក្នុងពិភពលោក ដើម្បីក្លាយជាតំបន់មានឥទ្ធិពល AI សកល និងជាកោះមានបច្ចេកវិទ្យាឆ្លាតវៃ។

នៅក្រោមគំនិតផ្តួចផ្តើមនេះផងដែរ តៃវ៉ាន់បានកំណតយកបច្ចេកវិទ្យាស្នូលធំៗចំនួនបីជាអាទិភាពយុទ្ធសាស្រ្ត​ ដោយក្នុងនោះរួមមាន បច្ចេកវិទ្យាស៊ីលីកុនហ្វូតូនិច បច្ចេកវិទ្យាកង់ទិច និង AI មនុស្សយន្ត។

ទន្ទឹមនឹងនេះ គម្រោងសំខាន់ៗទាំង១០ ក៏រួមបញ្ចូលផងដែរ នូវការអភិវឌ្ឍ AI ដែលមានសមត្ថភាពក្នុងការកសាង និងគ្រប់គ្រងបច្ចេកវិទ្យាក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានតុល្យភាពនៃការអភិវឌ្ឍ AI នៅទូទាំងតំបន់ផ្សេងគ្នាលើកោះ និងការណែនាំអំពី AI នៅទូទាំងឧស្សាហកម្មដ៏ទូលំទូលាយ ផងដែរ។

ជម្រាបជូនផងដែរថា បើយោងតាមការឲ្យដឹងពីរដ្ឋាភិបាល គំនិតផ្តួចផ្តើមនេះ មានគោលដៅបង្កើតឱកាសការងារចំនួន ៥០០ ០០០ កន្លែង និងការបង្កើតមន្ទីរពិសោធស្រាវជ្រាវកម្រិតអន្តរជាតិចំនួនបី ផងដែរ៕​