រដ្ឋបាលខេត្តប៉ៃលិន នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។
ជាមួយគ្នានេះ ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទះខ្មែរតែមួយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៤ កក្កដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ៕

