លោក Zhong Shanshan ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនភេសជ្ជ:ខ្នាតយក្ស Nongfu Spring បានទទួលតំណែងជាបុគ្គលមានជាងគេបំផុតរបស់ប្រទេសចិនសារជាថ្មី បន្ទាប់ពីវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming។

យោងតាមទស្សនាវដ្តីអាមេរិក Forbes បានរាយការណ៍ឲ្យដឹងថា បច្ចុប្បន្ន លោក Zhong មានទ្រព្យសម្បត្តិសរុបប្រមាណ ៦៥,៩ពាន់លានដុល្លារ ដោយចំណូលជាចម្បងរបស់លោក គឺទទួលបានពីក្រុមហ៊ុន Nongfu Spring នេះតែម្តង។
យ៉ាងណាមិញ ជុំវិញការកើនឡើងទ្រព្យសម្បត្តិរបស់លោក Zhong រហូតធ្វើឲ្យគាត់ហក់មកកាន់តំណែងកំពូលជាអ្នកមានដាច់គេនៅចិនវិញនេះ គឺដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Nongfu Spring ដែលចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង បានហក់ឡើងដល់ ៣៥% ។
ជម្រាបជូនផងដែរថា នៅក្នុងរបាយការណ៍កាលពីនៅកក្កដា បានព្យាករណ៍ថា ការលក់របស់ Nongfu Spring បានកើនឡើង ១៣,៦% ដល់ ៤៨,៧ពាន់លានយ៉ន់ (៦,៨ពាន់លានដុល្លារ) នៅក្នុងឆ្នាំ២០២៥ នេះ ដែលជំរុញជាចម្បងដោយការដំណើរការខ្លាំង នៅក្នុងអាជីវកម្មតែរបស់ខ្លួន ផងដែរ៕

