អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ។

អាជ្ញាធរមីន ក៏បានសម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះកងកម្លាំងប្រដាប់អាវុធថៃដែលបានប្រើប្រាស់គ្រាប់បែកចង្កោម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ធ្វើឱ្យប្រជាពលរដ្ឋជាពិសេសកុមារទទួលរងរបួស ខូចខាតទ្រព្យសម្បត្តិ និងមានជនភាសឹកជាច្រើនពាន់នាក់។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមទាំងនោះ អាជ្ញាធរមីន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ព្រំដែន ដូចតទៅ ៖
១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់បែកចង្កោម (គ្រាប់មានរូបរាងស្រដៀងនឹងរូបភាពភ្ជាប់) សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
២. នៅពេលប្រទះឃើញគ្រាប់ដែលមានភិនភាគដូចរូបភ្ជាប់ សូមរាយការណ៍ជាបន្ទាន់មកកម្លាំងប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕






