សម្តេច​តេជោ​ សំណូមពរ​ឱ្យ​មាន​ការពង្រឹង​​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដីធ្លីក្រៅ​ប្រព័ន្ធតុលាការ​

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍បែប​នេះ​ នៅ​​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​ របស់​ក្រសួង​ដែន​ដី​នគរ​រូបនីយកម្ម​ និង​សំណង់ នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​ បាន​ថ្លែង​ថា​ បញ្ហាជម្លោះដីធ្លី គួរតែត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមាន​ភាព​ងាយ​ស្រួល តែបើចូលដល់តុលាការហើយ គឺមិនងាយស្រួលឡើយ មានតែការឈ្នះ និងចាញ់ ដែល​ការងារ​កែទម្រង់​ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សម្តេច​តេជោ​ បាន​គូស​បញ្ជាក់​ថា​ «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅ​តិច​ណាស់​ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការ​ធ្វើកម្ម​សិទ្ធិជា​លក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើ​ដែរ​ក៏ប៉ុន្ដែ​ធ្វើ​ដោយ​មិនមានគេហៅថា មិនមានការជំរុញ គឺមិនមានសន្ទុះ​ ដែល​ធ្វើឲ្យ​ប្រជាជន​រង់ចាំរឿងនេះ»។

សម្តេច​តេជោ​ ក៏បាន​ផ្តល់អនុសាសន៍ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ព្រម​ទាំង​អភិបាល​ខេត្ត​ទាំង​អស់​ឱ្យពង្រឹង​ប្រសិទ្ធ​ភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្ត​អនុវត្តចុះ​បញ្ជីដីធ្លីទាំង​អស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី យក​ចិត្ត​ទុក​ដាក់​ធ្វើ​រឿង​នេះ​ ព្រោះ​រឿង​នេះ​ជា​រឿង​ចាំ​បាច់​សម្រាប់​ប្រជា​ជន​របស់​យើង​។ ជា​សុវត្ថិភាព​ និង​ការ​កាន់​កាប់​ដី​ធ្លី​ ដើម្បី​ចៀស​វាងការ​កើន​ឡើង​នូវ​បញ្ហា​នានា​ជា​បន្ត​ទៀត​៕​