ការឈ្លានពានរបស់ថៃមកលើកម្ពុជា បានធ្វើឱ្យពលរដ្ឋភៀសសឹកកម្ពុជា កើនឡើដល់ជិត១៤ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ការឈ្លានពានរបស់ថៃ លើដែនបូរណភាពទឹកដីកម្ពុជា បានបណ្ដាលឱ្យមានពលរដ្ឋភៀសសឹកនៅខេត្តចំនួន ៤ ខេត្ត បានឡើងដល់ជិត១៤ម៉ឺននាក់( ១៣៤ ៧០៧ នាក់) ស្មើនឹង ៣៩ ៨២៨ គ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ គឺជាថ្ងៃទី៥នៃការឈ្លានពានរបស់ថៃ ហើយនៅបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រំលោភនឹងច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។

ទន្ទឹមគ្នានេះ លោកស្រីបន្តថា ដោយសារតែការឈ្លានពានរបស់ថៃ លើដែនបូរណភាពទឹកដីកម្ពុជា បានបណ្ដាលឱ្យមានពលរដ្ឋភៀសសឹកនៅខេត្តចំនួន ៤ ខេត្ត មានចំនួនសរុប ៣៩ ៨២៨ គ្រួសារស្មើនឹង ១៣៤ ៧០៧ នាក់ ខណៈសាលារៀនចំនួន ៦០០ នៅតាមតំបន់ព្រំដែនត្រូវបិទទ្វារ បណ្ដាលឱ្យសិស្សានុសិស្ស ត្រូវខកខានមិនបានសិក្សារៀនសូត្រ។

ជាថ្មីម្តងទៀត ក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិរួមគ្នា ជាមួយកម្ពុជា ថ្កោល ទោស និងបន្តដាក់សម្ពាធដល់ទាហានឈ្លានពានសៀម ដែលបានគំរាមកំហែង និងបាញ់ប្រហារមកលើកម្ពុជាកាន់ច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈមកដល់ថ្ងៃទី២៨ ខែកក្កដានេះ ទាហានឈ្លានពានសៀម បានបន្ត ប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ដូចជារថពាស់ដែក រថក្រោះ យន្តហោះទម្លាក់គ្រាប់បែកចង្កោម ដែលជាអាវុធហាមប្រាមដោយអន្តរជាតិ ដោយមិនខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ ហើយមួយវិញទៀតការឈ្លានពានរបស់ទាហានសៀមនេះដែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ជនស៊ីវិលកម្ពុជាជាច្រើន ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិជាដើម៕ អត្ថបទ៖ ហ្សាលីន