នៅមុននេះបន្តិចសារព័ត៌មានធំៗលំដាប់អន្តរជាតិ បានចុះផ្សាយពីការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការឯកភាពគ្នាឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយនឹងអនុវត្តចាប់ពីកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងនោះសារព័ត៌មាន CNN , AP របស់អាមេរិក, BBC , Reuters របស់អង់គ្លេស និងសារព័ត៌មានអន្តរជាតិជាច្រើនទៀត បានចុះផ្សាយពីភាពជោគជ័យនៃកិច្ចប្រជុំ ដែលរៀបចំធ្វើឡើង នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបាននូវបទឈប់បាញ់ រវាងថៃ និងកម្ពុជា បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធ តាមព្រំដែន។
ក្នុងនោះសារព័ត៌មាន Reuters បានចុះផ្សាយពី ក្រោមការស្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងមានការចូលរួមដឹងលឺពីប្រទេសមហាអំណាចចិន និងអាមេរិក ប្រទេសថៃ និងកម្ពុជា បានព្រមព្រៀងឲ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ចាប់ពីកណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដានេះ ។
បន្ថែមពីនេះ លោក អាន់វ៉ា ដែលធ្វើជាប្រធានកិច្ចប្រជុំពិសេសនេះ ក្នុងឋានៈជាអាស៊ានប្តូរវេន ឆ្នាំ២០២៥ បាននិយាយថា មេដឹកនាំប្រទេសទាំងពីរបានឈានដល់ការយោគយល់គ្នា ក្នុងការចាត់វិធានការដើម្បីវិលទៅរកភាពប្រក្រតីឡើងវិញ។
ជម្រាបជូនថា ជំនួបនេះត្រូវបានប្រកាសធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យភាគីជម្លោះទាំង២ ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ៕

