ធនាគារ អេស៊ីលីដា សម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះថា នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាល់កិច្ចការចាំបាច់នានា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិនៃកម្ពុជា។

ថ្លែងប្រាប់ សារព័ត៌មានឧកញ៉ាញូស៍ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បញ្ជាក់ថា «ឥឡូវនេះ ធនាគារ អេស៊ីលីដា យើងខ្ញុំអត់ទាន់ទទួលទិន្នន័យជាក់លាក់ពីចំនួន បងប្អូនជាវីរៈកងទ័ពបានពលីជីវិត និងអ្នករួមខ្ចី នៅឡើយទេ ប៉ុន្តែឱ្យតែសាច់ញាតិផ្ទាល់របស់បងប្អូនយោធិនពលីជីវិត ពួកគាត់ទាក់ទងមក ធនាគារ យើងខ្ញុំ នឹងចាត់ចែងជូនដូចសេចក្ដីប្រកាស»។

គួរបញ្ជាក់ថា សេចក្តីជូនដំណឹង របស់ធនាគារ អេសុីលីដា ភីអុិលស៊ី ធ្វើឡើងស្របតាមសេចក្តីអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ រួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិន ដែលបានពលីអាយុជីវិត ការពារបូរណភាព អធិបតេយ្យភាពដែនដីខ្មែរពីការឈ្លានពានរបស់សត្រូវ។

ហេតុដូច្នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ការិយាល័យ-សាខាធនាគារ អេស៊ីលីដា នៅជិតលោកអ្នកបំផុត៕