ភរិយាអ្នកឧកញ៉ា សួរ វីរៈ និងសហការី នាំយកអំណោយទឹកដោះគោ ៥០០កេស និងអាហារជាង ២៧០០ប្រអប់ ដឹកតាមរថយន្តត្រជាក់ ជូនដល់វីរកងទ័ពជួរមុខ នៅខេត្តព្រះវិហារ

ជុំវិញ​ឧកញ៉ា

លោកជំទាវ ប៊ុន ចន្ធូ ភរិយាអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកអំណោយទឹកដោះគោចំនួន ៥០០កេស និងអាហារខ្ចប់ចំនួនជាង ២៧០០ប្រអប់ ជូនដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក នៅខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានឱ្យដឹងថា អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បានរៀបចំជាអំណោយមានដូចជា ទឹកដោះគោ ៥០០កេស ម្ហូបអាហារឆ្អិន ឆាសៀង ឆៃពៅ ឆាកាពិ ចំនួនសរុប ២៧៤២ប្រអប់ ដែលសរុបជាទឹកប្រាក់ប្រមាណ ៦០លានរៀល ក្រោមការដឹកនាំរបស់ លោកជំទាវ ប៊ុន ចន្ធូ ជូនទៅដល់វីរកងទ័ពជួរមុខ នៅខេត្តព្រះវិហារដោយផ្ទាល់។

សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើនដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង ដឹកជំនួយជូនកងទ័ព និងដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃផងដែរ៕