រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីកាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងតម្លៃ ១៥,៦ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពានយោងខ្សែកាបវែងបំផុតលើពិភពលោក ដោយតភ្ជាប់ពីកោះ Sicily ទៅកាន់ដីគោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋរចនាសម្ព័ន្ធរបស់អ៊ីតាលី លោក Matteo Salvini បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការធ្វើផែនការអស់ជាច្រើនទសវត្ស និងការជជែកពិភាក្សាគ្នាជាច្រើនមក គណ:កម្មាធិការថ្នាក់រដ្ឋមន្ត្រី បានអនុម័តទៅលើគម្រោងសាងសង់ស្ពានយោងឆ្លងកាត់ច្រកសមុទ្រ Messina ដោយប្រើប្រាស់ថវិការដ្ឋ។
លោក Salvini បាននិយាយថា ៖”នេះនឹងក្លាយជាស្ពានតែមួយដែលវែងជាងគេបំផុតក្នុងពិភពលោក ដែលដើរតួជាម៉ាស៊ីនអភិវឌ្ឍន៍សម្រាប់តំបន់ក្រីក្រនៅចុងទាំងពីរនៃស្ពានគឺ Sicily និង Calabria នៅភាគខាងត្បូងនៃប្រទេស” ។
គួរឲ្យដឹងថាស្ពានយោងនេះត្រូវបានរចនាឡើងដោយមានផ្លូវរថភ្លើងពីរនៅកណ្តាល និងផ្លូវយានជំនិះបីកន្លងនៅសងខាង ដោយមានប្រវែងសរុប ៣,៣ គីឡូម៉ែត្រ ត្រូវបានគេរំពឹងថាទុកនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣២។
រដ្ឋាភិបាលអ៊ីតាលី បាននិយាយទៀតថា ស្ពាននេះនឹងក្លាយជាស្នាដៃវិស្វកម្មទំនើបបំផុតដែលមិនធ្លាប់មាន ដែលអាចទប់ទល់នឹងកម្លាំងខ្យល់បក់ខ្លាំង និងការរញ្ជួយដី។ រដ្ឋមន្ត្រី លោក Salvini ថែមទាំងបានបង្ហាញក្តីសង្ឃឹមថា ស្ពាននេះនឹងនាំមកនូវកំណើនសេដ្ឋកិច្ច និងបង្កើតការងារបានដល់ទៅរាប់ម៉ឺន៕

