៦ខែ ដើមឆ្នាំនេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគ ៣១ក្រុមហ៊ុន គិតជាទឹកប្រាក់ជាង ៩៧លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលខេត្តតាកែវ ឯកឧត្តម វី សំណាង បានឱ្យដឹងថា រយៈពេល ៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់ចំនួនជាង ៩៧លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឱ្យដឹងរបស់លោកអភិបាលខេត្តតាកែវបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនពលករចំណាកស្រុកទើបវិលត្រឡប់មកពីប្រទេសថៃ វិញជាង ២០០នាក់ នៅមូលដ្ឋានស្រុកកោះអណ្ដែត កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ខេត្តតាកែវរយៈពេល ៦ខែដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបាន អ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហ៊ំទឹកប្រាក់ចំនួនជាង ៩៧លានដុល្លារអាម៉េរិក។

គម្រោងវិនិយោគនេះបានបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវបានចំនួនជិត ២ម៉ឺនកន្លែង ហើយបច្ចុប្បន្នក៍មានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។

បើតាមឯកឧត្តម​ វ៉ី​ សំណាង​ បានគូសបញ្ជាក់ថ្មីៗនេះថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាម៉េរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។

កាលពីថ្មីៗនេះ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ ក៏ធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា កត្តាដែលនាំឲ្យខេត្តតាកែវ អាចស្រូបទាញអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនក្នុងខេត្តតាកែវកាន់តែច្រើនឡើងដោយសារខេត្តតាកែវមានសក្ដានុពលសេដ្ឋកិច្ចខ្លាំង។ ម្យ៉ាងទៀតបណ្តាលមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការជឿទុកចិត្តរបស់ក្រុមអ្នកវិនិយោគទុន និងគោលនយោបាយលើកទឹកចិត្តវិនិយោគិន៕