ក្រុមហ៊ុន Apple ប្តេជ្ញាចាក់លុយវិនិយោគ ១០០ពាន់លានដុល្លារបន្ថែម នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានប្រកាសថានឹងវិនិយោគបន្ថែមចំនួន ១០០ពាន់លានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលធ្វើឲ្យចំនួនទឹកប្រាក់វិនិយោគសរុបរបស់ខ្លួនកើនឡើងដល់ ៦០០ពាន់លានដុល្លារ ក្នុងរយ:ពេល ៤ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការបេ្តជ្ញាចិត្តនេះ ត្រូវបានប្រកាសឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple លោក Tim Cook នៅឯសេតវិមាន។

លោក ត្រាំ បាននិយាយថា ៖”​ ក្រុមហ៊ុន Apple នឹងបង្កើនការចំណាយយ៉ាងច្រើនលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។ ក្រុមហ៊ុននឹងមានរោងចក្រផលិតថ្មីសម្រាប់កញ្ចក់ ដែលប្រើប្រាស់សម្រាប់ផលិតអេក្រង់របស់ iPhone នៅក្នុងរដ្ឋ Kentucky”។

ជម្រាបជូនផងដែរថា កាលពីខែកុម្ភៈ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងចំណាយទឹកប្រាក់ច្រើនជាង ៥០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក និងបង្កើនការងារថ្មីៗដល់មនុស្សចំនួន ២០​ ០០០ នាក់ ផងដែរ៕​