ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី ADB តម្លៃជិត ៣០លានដុល្លារ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី៨ សីហានេះ។

ពិធីបើកការដ្ឋាសាងសង់នេះ ធ្វើឡើងក្រោមអធិបតី លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក វង្ស ពិសិដ្ឋ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្នុងនាមក្រសួងជំនាញ តែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងរហូតសម្រេចការអនុវត្តគម្រោងនេះឡើងលើទឹកដីក្រុងបាវិត ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB ) បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះ ហើយក្រុមហ៊ុនចំនួន១ជាអ្នកទទួលការសាងសង់។

លោក ប៉េង ពោធិ៍សា ក៏បានឱ្យដឹងដែរថា នេះគឺជាសមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមូលដ្ឋានទាំងមូលក្នុងក្រុងបាវិត។ ក្រុងបាវិត គឺជាក្រុងមួយក្នុងចំណោមក្រុងទាំងបី មាន ក្រុងបាវិត ក្រុងកំពត និងក្រុងប៉ោយប៉ែត ដែលទទួលបាននូវគម្រោងដ៏មានតម្លៃនេះ។
សូមបញ្ជាក់ថា បើកការដ្ឋានសាងសង់អនុគម្រោងទី២ (ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់)នេះ គ្រោងប្រើពេលវេលាសាងសង់ចំនួន ៣៦ខែ ពោលនឹងបញ្ចប់នៅ ឆ្នាំ២០២៨ខាងមុខ ដោយចំណាយថវិកាសាងសង់ប្រមាណជាង២៩លានដុល្លារសហរដ្ឋអាម៉េរិក។
គម្រោងនេះ គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះ៕



