ប្រតិភូអាមេរិក សោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតកងទ័ព និងពលរដ្ឋស្លូតត្រង់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានបង្ហាញការ សោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលទទួលរង់គ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដឹកនាំដោយ លោក Benjamin Chiang អនុប្រធានស្តីទីបេសកកម្ម កាលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញ និងលើកកម្ពស់សន្តិភាព។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមបានបង្ហាញនូវការពេញចិត្តចំពោះការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (RTA) ជាមួយសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរផងដែរ។

ជាការឆ្លើយតប លោក Benjamin Chiang បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូ ដោយលើកឡើងថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមពីរប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (RTA) ជាមួយសហរដ្ឋអាម៉េរិក ដែលជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនាពេលបន្តបន្ទាប់ខាងមុខ។

សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ កម្ពុជា-អាមេរិក ក៏បានពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងសហរដ្ឋអាម៉េរិក និងកម្ពុជា សំដៅចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តរួមគ្នាបន្តជំរុញ និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានាដែលជាផលប្រយោជន៍ទៅវិញទៅមកផងដែរ៕អត្ថបទ៖ហ្សាលីន