លោកអ្នកឧកញ៉ា ពុង ឃាវសែ ចូលរួមពិធីរំកិលព្រះពុទ្ធបដិមា ទម្ងន់៩តោន គង់លើបល្ល័ង្ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផតអ៉ិនវេសមិន ឯ.ក (CAIC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបួងសួងរំកិលព្រះពុទ្ធបដិមាគង់លើពុទ្ធាសនៈ តម្កល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបែបព្រះពុទ្ធសាសនានេះ បានរៀបចំឡើង ដោយមានការយាងនិមន្ត ពីសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ ក្នុងនោះដែរ ក៏បានការចូលរួមពី អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។

បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់, ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ អ្នកឧកញ៉ា បានឲ្យដឹងបន្ថែមថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ ព្រលានយន្តហោះទាំងអស់ ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។ យ៉ាងណាមិញ ក្រៅពីព្រះពុទ្ធបដិមានេះ ក៏នឹងមានដាក់តាំងបន្ថែម អំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ដែលភាគច្រើន នាំមកពីខេត្តសៀមរាបផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ នឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ រីឯពិធីសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕

រូបភាព៖ ក្រសួងធម្មការ និងសាសនា