អគ្គនាយកស៊ីម៉ាក់៖ កំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ សៀមទម្លាក់គ្រាប់បែកពីយន្តហោះ​មានចំនួន១៥៤៩គ្រាប់

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានគូសបញ្ជាក់ថា ផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ ការទម្លាក់គ្រាប់បែកពីយន្តហោះ​មានចំនួន១៥៤៩គ្រាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា បានលើកឡើងថា ​ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ មានមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេសចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង​ បារាំង​ ឡាវ និងវៀតណាម​ បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។

លោកបញ្ជាក់ថាគ្រាប់បែកMK-84នេះ​ មានទម្ងន់ជិតមួយតោន​ មានបណ្តោយប្រមាណ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ ផលិតនៅឆ្នាំ១៩៩៦! ។

ទន្ទឹមនឹងនោះ នៅចំនុចទីតាំងតែមួយនេះ​ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់​ ហើយផ្ទុះចំនួន៤គ្រាប់​ រីឯ៦គ្រាប់មិនផ្ទុះ​ដោយរួមទាំងគ្រាប់បែកMK-84​ ដែលបានឃើញនេះផងដែរ។ បើផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ ការទម្លាក់គ្រាប់បែកពីយន្តហោះ​មានចំនួន១៥៤៩គ្រាប់។​

លោក ហេង រតនា សង្កត់ធ្ងន់ថា អង្គភាពCMAC កំពុងដំណើរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ​ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕