អនុព័ន្ធពាណិជ្ជកម្មប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយមន្រ្តីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាថា នឹងរួមគ្នាពង្រឹងបន្ថែមទៀតលើការធ្វើពាណិជ្ជកម្ម និងការធ្វើទេសចរណ៍រវាងទ្វេភាគីឱ្យកាន់តែប្រសើរ។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងក្នុងកម្មវិធី “ASEAN DAY” ក្រោមប្រធានបទ “ការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៌រវាងអាស៊ាន និងខេត្តក្វាងទុង” កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឡៅ ងួន អេង អុនព័ន្ធពាណិជ្ជកម្មប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយមន្រ្តីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធី “ASEAN DAY” ដែលបានធ្វើឡើងក្រោមប្រធានបទ “ការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៌រវាងអាស៊ាន និងខេត្តក្វាងទុង” រៀបចំឡើងក្នុងគោលបំណងពង្រឹងបន្ថែមទៀតលើការធ្វើពាណិជ្ជកម្ម និងការធ្វើទេសចរណ៍រវាងអាស៊ាន និងខេត្តក្វាងទុង។

តាមរយៈព្រឹត្តិការណ៍នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បាននាំយកផលិតផលកសិកម្មកែច្នៃ មានដូចជា៖ អង្ករស និងអង្ករក្រអូប ផលិតផលគ្រាប់ស្វាយចន្ទី ម្រេចកំពត និងដំណាប់ស្វាយ ដាក់តាំងបង្ហាញជូនអ្នកចូលរួម និងបាននាំយក Leaflet ទេសចរណ៍បង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ចែកជូនអ្នកចូលរួមផងដែរ។
សូមរម្លឹកដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានជាង៣០ពាន់លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិនដណ្តើមបានលេខ១ជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ក្នុងទំហំទឹកប្រាក់ ៩.២៧ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទៅចិនជាង ៧៥០លានដុល្លារ ខណៈចិននាំចូលមកវិញមានជាង ៨.៥ពាន់ដុល្លារ ៕ អត្ថបទ៖ ហ្សាលីន



