កម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រឹងលើការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគីបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

អនុព័ន្ធពាណិជ្ជកម្មប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយមន្រ្តីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាថា នឹងរួមគ្នាពង្រឹងបន្ថែមទៀតលើការធ្វើពាណិជ្ជកម្ម និងការធ្វើទេសចរណ៍រវាងទ្វេភាគីឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងក្នុងកម្មវិធី “ASEAN DAY” ក្រោមប្រធានបទ “ការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៌រវាងអាស៊ាន និងខេត្តក្វាងទុង” កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឡៅ ងួន អេង អុនព័ន្ធពាណិជ្ជកម្មប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយមន្រ្តីអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធី “ASEAN DAY” ដែលបានធ្វើឡើងក្រោមប្រធានបទ “ការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៌រវាងអាស៊ាន និងខេត្តក្វាងទុង” រៀបចំឡើងក្នុងគោលបំណងពង្រឹងបន្ថែមទៀតលើការធ្វើពាណិជ្ជកម្ម និងការធ្វើទេសចរណ៍រវាងអាស៊ាន និងខេត្តក្វាងទុង។

តាមរយៈព្រឹត្តិការណ៍នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បាននាំយកផលិតផលកសិកម្មកែច្នៃ មានដូចជា៖ អង្ករស និងអង្ករក្រអូប ផលិតផលគ្រាប់ស្វាយចន្ទី ម្រេចកំពត និងដំណាប់ស្វាយ ដាក់តាំងបង្ហាញជូនអ្នកចូលរួម និងបាននាំយក Leaflet ទេសចរណ៍បង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ចែកជូនអ្នកចូលរួមផងដែរ។

សូមរម្លឹកដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានជាង៣០ពាន់លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ។

របាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិនដណ្តើមបានលេខ១ជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ក្នុងទំហំទឹកប្រាក់ ៩.២៧ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទៅចិនជាង ៧៥០លានដុល្លារ ខណៈចិននាំចូលមកវិញមានជាង ៨.៥ពាន់ដុល្លារ ៕ ​អត្ថបទ៖ ហ្សាលីន