លោក ត្រាំ សង្ឃឹមថាចិន នឹងបញ្ជាទិញសណ្តែកសៀងអាមេរិក លើសមុន ៤ដង ជាផ្នែកនៃកិច្ចចរចាពន្ធ​

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី១០ ខែសីហាថា ដោយបង្ហាញក្តីសង្ឃឹមថា ប្រទេសចិន នឹងបញ្ជាទិញសណ្តែងសៀងលើសមុន ៤ដង​​ ពីសហរដ្ឋអាមេរិក ដើម្បីជាផ្នែកមួយនៃការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា៖”​ ប្រទេសចិន មានការព្រួយបារម្ភអំពីកង្វះខាតសណ្តែងសៀង។ កសិករដ៏អស្ចារ្យរបស់អាមេរិក ផលិតសណ្តែងសៀងដ៏មានគុណភាព។ ខ្ញុំសង្ឃឹមថាចិន នឹងបង្កើនការបញ្ជាទិញសណ្តែងសៀងរបស់ពួកគេ ៤ដង ក្នុងពេលឆាប់ៗនេះ។ នេះក៏ជាវិធីដ៏ល្អបំផុតមួយ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ចិន ជាមួយអាមេរិកផងដែរ”។

គួរឲ្យដឹងផង ការផ្អាកដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក រវាងចិន និងអាមេរិក គ្រោងនឹងដល់ថ្ងៃផុតកណត់នៅថ្ងៃទី១២ ខែសីហា ប៉ុន្តែរដ្ឋបាលរបស់លោក ត្រាំ បានបង្ហើបថា ថ្ងៃកំណត់អាចនឹងត្រូវបន្តទៀត ដើម្បីទុកពេលសម្រាប់ការចរចា។

ប្រទេសចិន បាននាំចូលសណ្តែងសៀង ៦០% នៃសណ្តែងសៀងសរុបទូទាំងពិភពលោក ខណៈប្រទេសនេះ ភាគច្រើនទិញចូលពីប្រេស៊ីល និងសហរដ្ឋអាមេរិក។

ជម្រាបជូនថា ចិនបាននាំចូលសណ្តែកសៀងប្រហែល ១០៥ លានតោនកាលពីឆ្នាំមុន ដែលតិចជាងមួយភាគបួន នាំចូលមកពីសហរដ្ឋអាមេរិក ហើយភាគច្រើនដែលនៅសល់គឺនាំចូលមកពីប្រទេសប្រេស៊ីល៕​